ព្រះត្រៃបិដក ភាគ ២២
តែងឃើញនូវរូបនុ៎ះ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ វេទនាណានីមួយ។បេ។ សញ្ញាណានីមួយ... សង្ខារទាំងឡាយណានីមួយ... វិញ្ញាណណានីមួយ ជាអតីត អនាគត និងបច្ចុប្បន្ន ជាវិញ្ញាណខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី មួយទៀត វិញ្ញាណណា ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ បានឈ្មោះថា វិញ្ញាណ សាវ័ករបស់តថាគត តែងឃើញនូវវិញ្ញាណនុ៎ះ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ នែអគ្គិវេស្សនៈ សាវ័ករបស់តថាគត ជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅ ប្រព្រឹត្តតាមដំបូន្មាន ប្រព្រឹត្តកន្លងសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។
ID: 636824802053344369
ទៅកាន់ទំព័រ៖