ព្រះត្រៃបិដក ភាគ ២២
លុះកន្លងរាត្រីនោះទៅហើយ ទើបព្រះបាទលិច្ឆវីទាំងនោះ ក៏នាំនូវភត្តាភិហារ ប្រមាណ ៥០០ សម្រាប់ដល់សច្ចកនិគន្ថបុត្រ។ លំដាប់នោះ សច្ចកនិគន្ថបុត្រ បានតាក់តែងនូវខាទនីយៈ និងភោជនីយៈដ៏ឧត្តម ក្នុងអារាមរបស់ខ្លួនហើយ ចាត់បម្រើឲ្យទៅក្រាបទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលគួរហើយ ភត្តក៏សម្រេចហើយ។
[៤៤] លំដាប់នោះ ព្រះមានព្រះភាគទ្រង់ស្បង់ ប្រដាប់ដោយបាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់អារាមរបស់សច្ចកនិគន្ថបុត្រ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេរៀបចំថ្វាយជាមួយនឹងភិក្ខុសង្ឃ។ គ្រានោះឯង សច្ចកនិគន្ថបុត្រ ក៏អង្គាសព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយៈ និងភោជនីយាហារដ៏ឧត្តម ដោយដៃរបស់ខ្លួន ត្រាតែភិក្ខុសង្ឃហាមឃាត់។ គ្រានោះ សច្ចកនិគន្ថបុត្រកំណត់ដឹងថា ព្រះមានព្រះភាគ ទ្រង់ឆាន់រួចហើយ ដាក់ព្រះហស្តចុះចាកបាត្រហើយ ក៏កាន់យកនូវអាសនៈទាបមួយ អង្គុយក្នុងទីដ៏សមគួរ។ លុះសច្ចកនិគន្ថបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន បុណ្យណាដែលមានក្នុងទាននេះផង បុណ្យដទៃអំពីទាននេះផង ក៏បុណ្យនោះឯង ចូរប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ ដល់ទាយកទាំងឡាយ។
ID: 636824803626451132
ទៅកាន់ទំព័រ៖