ព្រះត្រៃបិដក ភាគ ២២
ទាំងពួង លុះដឹងច្បាស់នូវធម៌ទាំងពួងហើយ រមែងកំណត់ដឹងនូវធម៌ទាំងពួង លុះកំណត់ដឹងនូវធម៌ទាំងពួងហើយ រមែងសោយនូវវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ ភិក្ខុនោះ ជាអ្នកពិចារណាឃើញថាមិនទៀង ពិចារណាឃើញថាជាទីប្រាសចាកតម្រេក ពិចារណាឃើញថា ជាគ្រឿងរំលត់ ពិចារណាឃើញថា គួរលះបង់ ក្នុងវេទនាទាំងឡាយនោះ កាលបើភិក្ខុនោះ ពិចារណាឃើញថា មិនទៀង ពិចារណាឃើញថា ជាទីប្រាសចាកតម្រេក ពិចារណាឃើញថា ជាគ្រឿងរំលត់ ពិចារណាឃើញថា គួរលះបង់ ក្នុងវេទនាទាំងឡាយនោះហើយ ក៏មិនបានប្រកាន់ នូវធម្មជាតអ្វីតិចតួច ក្នុងលោកឡើយ កាលបើមិនប្រកាន់ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុត ក៏រំលត់កិលេស ដោយខ្លួនឯងបាន ទើបដឹងច្បាស់ថា ជាតិរបស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានអប់រំហើយ កិច្ចដែលត្រូវធ្វើ អាត្មាអញ ក៏បានធ្វើហើយ កិច្ចដទៃ ក្រៅអំពីកិច្ចនេះ មិនមានឡើយ បពិត្រទេវានមិន្ទៈ ភិក្ខុជាអ្នកបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្តទៀង មានសេចក្តីក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប មានប្រមាណប៉ុណ្ណេះឯង។
ID: 636824855222999787
ទៅកាន់ទំព័រ៖