ព្រះត្រៃបិដក ភាគ ២២
កំពុងតែក្រសាល សប្បាយ រីករាយ ស្កប់ស្កល់ ដោយតូរ្យតន្ត្រីជាទិព្វ ទាំងប្រាំរយ ក្នុងឱទ្យានឈ្មោះ ឯកបុណ្ឌរីកៈ។ ព្រះឥន្ទ្រាធិរាជ បានឃើញព្រះមហាមោគ្គល្លានមានអាយុ និមន្តមកពីចម្ងាយលិមៗ លុះឃើញហើយ ក៏បញ្ឈប់នូវតូរ្យតន្ត្រីជាទិព្វទាំង៥០០នោះ ហើយចូលទៅរកព្រះមហាមោគ្គល្លានមានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រះមហាមោគ្គល្លានមានអាយុថា បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ សូមនិមន្តមក បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ លោកម្ចាស់និមន្តមកនេះ ជាការស្រួលហើយ បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ លោកម្ចាស់ខានធ្វើបរិយាយ ដើម្បីនិមន្តមក ក្នុងទីនេះ ជាយូរហើយ បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ សូមលោកម្ចាស់និមន្តគង់ចុះ អាសនៈនេះហើយ ខ្ញុំព្រះករុណា ក្រាលទុកប្រគេន។ ព្រះមហាមោគ្គល្លានមានអាយុ ក៏គង់លើអាសនៈ ដែលព្រះឥន្ទ្រាធិរាជក្រាលប្រគេន។ ចំណែកព្រះឥន្ទ្រាធិរាជ ក៏កាន់យកអាសនៈទាបមួយ គង់ក្នុងទីដ៏សមគួរ។
[៧៦] លុះព្រះឥន្ទ្រាធិរាជគង់ក្នុងទីដ៏សមគួរហើយ ព្រះមហាមោគ្គល្លានមានអាយុ បានសួរសេចក្តីនេះថា បពិត្រកោសិយៈ ព្រះមានព្រះភាគ បានត្រាស់សំដែងនូវកិរិយាបង្អោនចិត្តទៅកាន់ព្រះនិព្វាន ជាទីអស់ទៅ នៃតណ្ហា ដោយសេចក្តីសង្ខេប ចំពោះមហារាជ ដូចម្តេចខ្លះ
ID: 636824855776332759
ទៅកាន់ទំព័រ៖