ព្រះត្រៃបិដក ភាគ ២២
បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ យើងខ្ញុំព្រះអង្គ បាននាំគ្នាចូលទៅរក សាតិភិក្ខុកេវដ្តបុត្ត លុះចូលទៅដល់ហើយ បានសួរសាតិភិក្ខុកេវដ្តបុត្ត ដូច្នេះថា ម្នាលអាវុសោសាតិ បានឮថា អ្នកមានទិដ្ឋិអាក្រក់កើតឡើង យ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា អាត្មាអញ ក៏បានដឹងច្បាស់ នូវធម៌ ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះ ដូច្នេះ ពិតមែនឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលយើងខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ សាតិភិក្ខុកេវដ្តបុត្ត ក៏បាននិយាយតបមក នឹងយើងខ្ញុំព្រះអង្គ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា ខ្ញុំក៏បានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែន បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ យើងខ្ញុំព្រះអង្គ មានចំណង់នឹងដោះសាតិភិក្ខុកេវដ្តបុត្ត ឲ្យរួចចាកទិដ្ឋិអាក្រក់នោះ ទើបនាំគ្នានិយាយពន្យល់ ដាស់តឿន ក្រើនរំលឹកថា ម្នាលអាវុសោសាតិ អ្នកកុំនិយាយយ៉ាងនេះឡើយ អ្នកកុំនិយាយបង្កាច់ព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះមានព្រះភាគ មិនប្រពៃទេ ដ្បិតព្រះមានព្រះភាគ ទ្រង់មិនមានព្រះបន្ទូលយ៉ាងនេះឡើយ ម្នាលអាវុសោសាតិ
ID: 636824859966842121
ទៅកាន់ទំព័រ៖