ព្រះត្រៃបិដក ភាគ ២២
ម្នាលអាវុសោសាតិ ព្រះសាស្តាត្រាស់ហៅលោក។ សាតិភិក្ខុកេវដ្តបុត្ត ទទួលពាក្យភិក្ខុនោះថា ករុណាអាវុសោ ដូច្នេះហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ កាលបើសាតិភិក្ខុកេវដ្តបុត្ត អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលសាតិ បានឮថា អ្នកមានទិដ្ឋិអាក្រក់កើតឡើងយ៉ាងនេះថា វិញ្ញាណនេះរមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា ខ្ញុំបានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែនឬ។ សាតិភិក្ខុកេវដ្តបុត្ត ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជារបស់ដទៃឡើយ យ៉ាងណា ខ្ញុំព្រះអង្គ បានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែន។ ព្រះអង្គត្រាស់សួរថា ម្នាលសាតិ វិញ្ញាណនោះ តើដូចម្តេច។ សាតិភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន សភាវៈណា ដែលនិយាយបាន អាចទទួលអារម្មណ៍បាន បុគ្គលរមែងសោយវិបាក នៃកម្មទាំងឡាយល្អ និងអាក្រក់ ព្រោះសភាវៈនោះ សភាវៈនោះ (ហៅថា វិញ្ញាណ)។
ID: 636824860549201145
ទៅកាន់ទំព័រ៖