ព្រះត្រៃបិដក ភាគ ២២
សេចក្តីរលត់នៃឧបាទាន ព្រោះរលត់តណ្ហា សេចក្តីរលត់ភព ព្រោះរលត់ឧបាទាន សេចក្តីរលត់ជាតិ ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ (រលត់) ព្រោះរលត់ជាតិ ការយំ សោក ខ្សឹកខ្សួល ការលំបាកកាយ ការលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ទាំងឡាយ ក៏សឹងតែរលត់ទៅ មិនសល់ សេចក្តីរលត់នៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះឯង។
[៩១] ម្នាលភិក្ខុទាំងឡាយ ចុះកាលបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ នឹងស្រាវជ្រាវនូវខន្ធ ធាតុ អាយតនៈ ជាចំណែកខាងដើម គឺអតីតកាលថា ក្នុងកាលកន្លងទៅហើយ យើងធ្លាប់បានកើតឬហ្ន៎ ឬក្នុងកាលកន្លងទៅ យើងមិនធ្លាប់កើតទេ ក្នុងកាលកន្លងទៅហើយ យើងបានកើតជាជាតិអ្វីហ្ន៎ ក្នុងកាលកន្លងទៅហើយ យើងបានកើតជាមនុស្ស មានទ្រង់ទ្រាយដូចម្តេច ក្នុងកាលកន្លងទៅហើយ យើងកើតជាជាតិអ្វី បានជាអ្វី ដូច្នេះ បានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនោះ យើងខ្ញុំព្រះអង្គ ស្រាវជ្រាវរកមិនឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ចុះកាលបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ នឹងស្រាវជ្រាវរក ខន្ធ ធាតុ អាយតនៈ ជាចំណែកខាងមុខ គឺអនាគតកាលថា ក្នុងកាលជាអនាគត យើងនឹងកើតឬហ្ន៎ ក្នុងកាលជាអនាគត យើងមិនកើតទៀតទេ ក្នុងកាលជាអនាគត យើងនឹងកើត
ID: 636824866879244264
ទៅកាន់ទំព័រ៖