ព្រះត្រៃបិដក ភាគ ២២
និងបទចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌គ្រប់ទាំងអស់។ គហបតីក្តី កូនរបស់គហបតីក្តី មហាជនដែលកើតខាងក្រោយ ក្នុងត្រកូលណាមួយក្តី រមែងស្តាប់ធម៌នោះ។ លុះគហបតីជាដើមនោះ ស្តាប់ធម៌នោះហើយ ក៏បាននូវសទ្ធា (សេចក្តីជឿ) ក្នុងតថាគត។ លុះគហបតីជាដើមនោះ ប្រកបដោយការបាននូវសទ្ធានោះហើយ ក៏ពិចារណាដូច្នេះថា ឃរាវាសចង្អៀតចង្អល់ណាស់ ជាផ្លូវហូរមកនៃធូលី គឺកិលេស ឯបព្វជ្ជាមានពេលឱកាសច្រើន កាលបើអាត្មាអញ នៅគ្រប់គ្រងផ្ទះនេះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ដោយចំណែកមួយ ឲ្យបរិសុទ្ធដោយចំណែកមួយ ឲ្យស្អាតដូចជាស័ង្ខ ដែលគេខាត់បានឡើយ បើដូច្នោះ មានតែអាត្មាអញ កោរសក់ពុកមាត់ពុកចង្កា ស្លៀកសំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះចំណែរមកខាងក្រោយ គហបតីជាដើមនោះ លះបង់នូវគំនរភោគសម្ប័ទតិចក្តី លះបង់នូវគំនរភោគសម្ប័ទច្រើនក្តី លះបង់នូវញាតិវង្សតិចក្តី លះបង់នូវញាតិវង្សច្រើនក្តី ហើយកោរសក់ពុកមាត់ ពុកចង្កា ស្លៀកសំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។
ID: 636824869361540625
ទៅកាន់ទំព័រ៖