ព្រះត្រៃបិដក ភាគ ២២
[៩៨] ភិក្ខុនោះឃើញរូបដោយភ្នែក ហើយមិនត្រេកអរ នឹងរូបដែលគួរស្រឡាញ់ មិនមានបដិឃៈ ចំពោះរូបដែលមិនគួរស្រឡាញ់ ជាអ្នកមានសតិ ក្នុងកាយតំកល់នៅខ្ជាប់ផង មានចិត្តប្រកបដោយគុណប្រមាណពុំបានផង ធម៌ទាំងឡាយជាអកុសលដ៏លាមកនោះ របស់ភិក្ខុនោះ រមែងរលត់ទៅមិនសល់ ក្នុងចេតោវិមុត្តិ បញ្ញាវិមុត្តិណា លោកក៏បានដឹងច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិនោះ តាមសេចក្តីពិតផង។ ភិក្ខុនោះ លុះលះបង់នូវតម្រេក និងសេចក្តីក្រេវក្រោធ យ៉ាងនេះហើយ រមែងទទួលវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ។ ភិក្ខុនោះ មិនត្រេកអរ មិននិយាយសរសើរ មិនប្រកាន់វេទនានោះឡើយ។ កាលបើភិក្ខុនោះ មិនត្រេកអរ មិននិយាយសរសើរ មិនប្រកាន់វេទនានោះទេ សេចក្តីត្រេកអរ ក្នុងវេទនាទាំងឡាយ ក៏នឹងរលត់ទៅមិនសល់។ ភិក្ខុនោះបានរលត់ឧបាទាន ព្រោះរលត់តម្រេក បានរលត់ភព ព្រោះរលត់ឧបាទាន បានរលត់ជាតិ ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ (រលត់) ព្រោះរលត់ជាតិ ការសោក ការខ្សឹកខ្សួល ការលំបាកកាយ ការលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ ក៏សឹងតែរលត់ទៅមិនសល់ សេចក្តីរលត់កងទុក្ខទាំងអស់នេះ រមែងមានដោយប្រការដូច្នេះឯង។ ភិក្ខុនោះ ឮសំឡេងដោយត្រចៀក... ធុំក្លិនដោយច្រមុះ... ទទួលរសដោយអណ្តាត... ពាល់
ID: 636824871564430495
ទៅកាន់ទំព័រ៖