ព្រះត្រៃបិដក ភាគ ២២
[១១៥] កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ។ ភិក្ខុនោះ ក៏រលឹកឃើញនូវខន្ធ ដែលធ្លាប់អាស្រ័យនៅមកពីមុនជាច្រើន ដូចម្តេច គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកនូវខន្ធ ដែលសត្វធ្លាប់អាស្រ័យនៅអំពីមុនជាច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសចេញអំពីស្រុករបស់ខ្លួន ទៅកាន់ស្រុកដទៃ ចេញអំពីស្រុកនោះ ទៅកាន់ស្រុកដទៃទៀត ត្រឡប់ពីស្រុកនោះ មកកាន់ស្រុករបស់ខ្លួនវិញ បុរសនោះក៏រលឹកឃើញយ៉ាងនេះថា អាត្មាអញ ចេញពីស្រុករបស់ខ្លួន បានទៅកាន់ស្រុកឯណោះ ដែលទៅដល់ស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ អង្គុយយ៉ាងនេះ និយាយយ៉ាងនេះ នៅស្ងៀមយ៉ាងនេះ លុះអាត្មាអញ ចេញពីស្រុកនោះ បានទៅកាន់ស្រុកឯណោះទៀត ដែលទៅដល់ស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ អង្គុយយ៉ាងនេះ និយាយយ៉ាងនេះ នៅស្ងៀមយ៉ាងនេះ ឥឡូវនេះ អាត្មាអញនោះ ចេញពីស្រុកនោះ ត្រឡប់មកកាន់ស្រុករបស់ខ្លួនវិញហើយ ដូចម្តេចមិញ
ID: 636824878764331142
ទៅកាន់ទំព័រ៖