ព្រះត្រៃបិដក ភាគ ២២
បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត មានអាជ្ញាដាក់ចោលហើយ មានគ្រឿងសស្ត្រាដាក់ចោលហើយ។បេ។ ជាអ្នកអនុគ្រោះ ដោយប្រយោជន៍ ចំពោះសត្វ ដែលមានជីវិតទាំងអស់។ លះបង់អទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន មិនបានកាន់យកទ្រព្យ ដែលជាគ្រឿងប្រើប្រាស់ របស់ជនឯទៀត ដែលគេមិនបានឲ្យចំណែក នៃថេយ្យចិត្ត។ លះបង់កាមេសុមិច្ឆាចារ។បេ។ ជាអ្នកមិនដល់នូវការប្រព្រឹត្ត ចំពោះពួកស្ត្រី ដែលមានសភាពយ៉ាងនោះ។ ម្នាលគហបតិទាំងឡាយ បុគ្គលដែលប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងកាយ ៣ចំណែក យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ ចុះបុគ្គលប្រព្រឹត្តិធម៌ ប្រព្រឹត្តស្មើ ខាងវាចា ៤ចំណែក តើដូចម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់មុសាវាទ វៀរស្រឡះចាកមុសាវាទ ទោះឋិតនៅក្នុងរោងប្រជុំក្តី។បេ។ មិននិយាយកុហកទាំងដឹងខ្លួន។ លះបង់ពាក្យញុះញង់ វៀរស្រឡះចាកពាក្យញុះញង់។បេ។ និយាយតែពាក្យដែលធ្វើឲ្យគេព្រមព្រៀងគ្នា។ លះបង់ពាក្យអាក្រក់។បេ។
ID: 636824915669319971
ទៅកាន់ទំព័រ៖