ព្រះត្រៃបិដក ភាគ ២២
ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ម្នាលអាវុសោ នេះហៅថា បឋមជ្ឈាន។ ម្នាលអាវុសោ បឋមជ្ឈាន មានអង្គប៉ុន្មាន។ ម្នាលអាវុសោ បឋមជ្ឈាន មានអង្គ៥ ម្នាលអាវុសោ កាលភិក្ខុក្នុងសាសនានេះ ចូលកាន់បឋមជ្ឈាន មានអង្គ៥ វិតក្កៈ វិចារៈ បីតិ សុខៈ និងចិត្តេកគ្គតា រមែងប្រព្រឹត្តទៅ ម្នាលអាវុសោ បឋមជ្ឈាន មានអង្គ៥ យ៉ាងនេះឯង។ ម្នាលអាវុសោ បឋមជ្ឈាន លះអង្គប៉ុន្មាន ប្រកបដោយអង្គប៉ុន្មាន។ ម្នាលអាវុសោ បឋមជ្ឈាន លះអង្គ៥ ប្រកបដោយអង្គ៥ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ កាលចូលកាន់បឋមជ្ឈាន ជាអ្នកលះបង់កាមច្ឆន្ទៈ លះបង់ព្យាបាទ លះបង់ថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ចំណែកខាងវិតក្កៈ វិចារៈ បីតិ សុខៈ និងចិត្តេកគ្គតា ក៏ប្រព្រឹត្តទៅ ម្នាលអាវុសោ បឋមជ្ឈាន លះអង្គ៥ ប្រកបដោយអង្គ៥ យ៉ាងនេះឯង។
ID: 636824919991785563
ទៅកាន់ទំព័រ៖