ព្រះត្រៃបិដក ភាគ ២២
ខ្លួនហើយ ឥឡូវនេះ យើងសូមសួរ ចំពោះរេវតមានអាយុ ក្នុងសេចក្តីនោះថា ម្នាលអាវុសោរេវត ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីក៏ប្រាសចាកទោស ឈើទាំងឡាយ មានផ្ការីកស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប បីដូចជាក្លិនទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោរេវត ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណា បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ រេវតមានអាយុ ឆ្លើយតបនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្រ ភិក្ខុក្នុងសាសនានេះ មានការពួនសម្ងំជាទីរីករាយ ត្រេកអរក្នុងការពួនសម្ងំ ប្រកបរឿយៗនូវការស្ងប់ស្ងាត់ចិត្ត ប្រព្រឹត្តទៅខាងក្នុង មិនបានប្រាសចាកឈាន ប្រកបដោយវិបស្សនាបញ្ញា ជាអ្នកចំរើន នូវសុញ្ញាគារធម៌ទាំងឡាយ ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្រ ត្រូវល្អហើយ រេវតព្យាករត្រឹមត្រូវតាមពិតមែនហើយ ម្នាលសារីបុត្រ ព្រោះថា រេវត ជាអ្នកមានការពួនសម្ងំជាទីរីករាយ ត្រេកអរនឹងការពួនសម្ងំ ប្រកបរឿយៗ នូវការស្ងប់ស្ងាត់ចិត្ត ប្រព្រឹត្តទៅខាងក្នុង មិនបានប្រាសចាកឈាន ប្រកបដោយវិបស្សនាបញ្ញា ជាអ្នកចំរើន នូវសុញ្ញាគារធម៌ទាំងឡាយ។
ID: 636824786112804365
ទៅកាន់ទំព័រ៖