ព្រះត្រៃបិដក ភាគ ២២

 [​២២​]​ ​កាលបើ​ព្រះ​មោគ្គល្លាន​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លោក​ណា​និយាយ​ត្រូវ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​សារីបុត្រ​ ​បើ​ដោយ​បរិយាយ​ ​អ្នក​ទាំងអស់គ្នា​សុទ្ធតែ​និយាយ​ត្រូវហើយ​ ​ប៉ុន្តែ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ពាក្យ​របស់​តថាគត​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​រុងរឿង​ដោយសារ​ភិក្ខុ​រូប​ណា​នោះ​ចុះ​ ​ម្នាល​សារីបុត្រ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រឡប់​មក​ពី​បិណ្ឌបាត​វិញ​ ​ខាងក្រោយ​នៃ​ភត្ត​ ​ក៏​ចូល​ទៅ​អង្គុយពែនភ្នែន​ ​ដោយ​កាយ​ឲ្យ​ត្រង់​ ​ផ្ចង់​សតិ​ឲ្យ​ត្រង់​ទៅមុខ​ ​ដោយ​គិតថា​ ​ចិត្ត​របស់​អាត្មាអញ​ ​មិន​រួចចាក​អាសវក្កិលេស​ទាំងឡាយ​ ​ព្រោះ​មិន​មាន​សេចក្តី​ប្រកាន់​ដរាបណា​ ​អាត្មាអញ​ ​នឹង​មិន​ទំ​លាយ​ភ្នែន​នោះ​ដរាប​នោះ​ ​ដូច្នេះ​ ​ម្នាល​សារីបុត្រ​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​រុងរឿង​ដោយសារ​ភិក្ខុ​រូប​នេះឯង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សេចក្តី​នេះ​ហើយ​ ​ព្រះ​ថេរៈ​ ​មាន​អាយុ​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ពេញចិត្ត​ ​ត្រេកអរ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​មហា​គោ​សិង្គ​សាល​សូត្រ​ ​ទី២​។​

ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636824788631292789
ទៅកាន់ទំព័រ៖