ព្រះត្រៃបិដក ភាគ ២២
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែកហើយ មិនបានកាន់យកនូវនិមិត្ត មិនបានកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវភិក្ខុជាអ្នកមិនបានសង្រួម នូវឥន្ទ្រិយ គឺភ្នែកនុ៎ះ ដែលមានការមិនសង្រួម នូវឥន្ទ្រិយ គឺភ្នែកណាជាហេតុ ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវឥន្ទ្រិយ គឺភ្នែកនោះ រក្សានូវឥន្ទ្រិយគឺភ្នែក ដល់នូវការសង្រួម ក្នុងឥន្ទ្រិយ គឺភ្នែក ឮសំឡេង ដោយត្រចៀក... ធុំក្លិនដោយច្រមុះ... ទទួលរស ដោយអណ្តាត... ពាល់ត្រូវសម្ផ័ស្ស ដោយកាយ... ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈឡើយ ក៏អកុសលធម៌ ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាម នូវភិក្ខុជាអ្នកមិនបានសង្រួម នូវឥន្ទ្រិយ គឺចិត្តនុ៎ះ ដែលមានការមិនសង្រួម នូវឥន្ទ្រិយ គឺចិត្តណាជាហេតុ ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវឥន្ទ្រិយ គឺចិត្តនោះ រក្សានូវឥន្ទ្រិយគឺចិត្ត ដល់នូវការសង្រួម ក្នុងឥន្ទ្រិយ គឺចិត្ត ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបិទនូវដំបៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបំពក់ភ្នក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ សំដែងធម៌ ដែលខ្លួនបានស្តាប់មកយ៉ាងណា បានរៀនមកយ៉ាងណាដោយពិស្តារ ដល់ជនទាំងឡាយដទៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបំពក់ភ្នក់ យ៉ាងនេះឯង។
ID: 636824791751318270
ទៅកាន់ទំព័រ៖