ព្រះត្រៃបិដក ភាគ ២២
[៣៩] ម្នាលអគ្គិវេស្សនៈ ដូចជាបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ ក៏កាន់យកនូវដឹងដ៏មុត ចូលទៅកាន់ព្រៃ បុរសនោះ ឃើញដើមចេកធំ ក្នុងព្រៃនោះ មានដើមត្រង់ សាច់ខ្ចី មិនទាន់កើតមានស្នូលស្ទង ហើយកាត់នូវដើមចេកនោះត្រង់គល់ លុះកាត់គល់រួចហើយ ក៏កាត់ចុង លុះកាត់ចុងរួចហើយ បកស្រទបចេញ កាលដែលបុរសនោះ បកស្រទបចេញ ក៏មិនគប្បីបាន សូម្បីនូវស្រាយ ក្នុងដើមចេកនោះឡើយ នឹងបានខ្លឹមមកពីណា សេចក្តីនេះ ឧបមាយ៉ាងណាមិញ នែអគ្គិវេស្សនៈ អ្នកដែលតថាគត ជជីកសួរដេញដោល ក៏ទៅជាមនុស្សសោះសូន្យទទេ ឥតខ្លឹមសារ ចាលចាញ់ក្នុងវាទៈរបស់ខ្លួន មានឧបមេយ្យដូចដើមចេក ដូច្នោះឯង នែអគ្គិវេស្សនៈ មួយទៀត វាចានេះ អ្នកបានពោលហើយ នាកណ្តាលបរិស័ទ ក្រុងវេសាលីថា បុគ្គលណា ដែលអាត្មាលើកឡើងនូវទោស ដោយពាក្យសំដីហើយ មិនកក្រើក មិនរំភើប មិនញាប់ញ័រ ទាំងញើស ក៏មិនហូរចេញអំពីក្លៀក របស់បុគ្គលណា អាត្មាមិនបានឃើញនូវបុគ្គលនោះ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ដែលមានពួក មានគណៈ ជាអាចារ្យនៃគណៈ ឬក៏បានប្តេជ្ញាខ្លួនថា ជាអរហន្តសម្មាសម្ពុទ្ធទេ ឯអាត្មា បើគប្បីលើកឡើងនូវទោស ដោយពាក្យសំដី ចំពោះទៅលើបង្គោល ដែលជារបស់គ្មានចេតនាសោះ
ID: 636824800764616105
ទៅកាន់ទំព័រ៖