ព្រះត្រៃបិដក ភាគ ២២
សេចក្តីចំរើន មិនគួរមានដល់បុរស ព្រោះបានសង្កត់សង្កិននូវព្រះគោតមដ៏ចំរើនទេ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីចំរើន គួរមានដល់បុរស ព្រោះបានសង្កត់សង្កិននូវអាសិរពិស ដែលមានពិសដ៏ពន្លឹក សេចក្តីចំរើន មិនគួរមានដល់បុរស ព្រោះបានសង្កត់សង្កិននូវព្រះគោតមដ៏ចំរើនទេ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកកំចាត់បង់នូវគុណ ខ្ញុំព្រះអង្គ ជាអ្នកឃ្នើសឃ្នង់ដោយវាចា ព្រោះហេតុថា ខ្ញុំព្រះអង្គ បានសំគាល់នូវព្រះគោតមដ៏ចំរើន ថាជាបុគ្គលគួរសង្កត់សង្កិននូវវាទៈ ដោយវាទៈបាន សូមព្រះគោតមដ៏ចំរើន ទទួលភត្តរបស់ខ្ញុំ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ជាមួយនឹងភិក្ខុសង្ឃ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ សច្ចកនិគន្ថបុត្រ បានដឹងច្បាស់ នូវកិរិយាទទួលនិមន្ត របស់ព្រះមានព្រះភាគហើយ ក៏និយាយនឹងព្រះបាទលិច្ឆវីទាំងនោះថា ព្រះបាទលិច្ឆវីទាំងឡាយដ៏ចំរើន ចូរស្តាប់ពាក្យរបស់អាត្មា ព្រះសមណគោតម អាត្មានិមន្តហើយ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ជាមួយនឹងភិក្ខុសង្ឃ បពិត្រទាំងឡាយ គួរយកវត្ថុណាមកឲ្យអាត្មា មួយទៀត វត្ថុណាដែលជារបស់សមគួរ ដល់ព្រះសមណគោតមនោះ បពិត្រទាំងឡាយ គួរដឹងវត្ថុនោះៗ។
ID: 636824803298070556
ទៅកាន់ទំព័រ៖