ព្រះត្រៃបិដក ភាគ ២៣
ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯងផង ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃផង បុគ្គលនោះ ឈ្មោះថាធ្វើខ្លួនឯង និងអ្នកដទៃ ដែលប្រាថ្នាសេចក្តីសុខ ស្អប់ខ្ពើមសេចក្តីទុក្ខ ឲ្យក្តៅរោលរាលអន្ទះអន្ទែង ដោយហេតុនេះឯង បានជាបុគ្គលនេះ ធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបាន បពិត្រព្រះអង្គដ៏ចំរើន លុះតែបុគ្គលណា មិនដុតកំដៅខ្លួនឯង មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នកមិនដុតកំដៅអ្នកដទៃ មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលជាអ្នកមិនដុតកំដៅខ្លួនឯង មិនដុតកំដៅអ្នកដទៃនោះ ជាអ្នកអស់សេចក្តីស្រេកឃ្លាន ក្នុងបច្ចុប្បន្ន ជាអ្នករលត់ទុក្ខ មានសេចក្តីត្រជាក់ ទទួលសេចក្តីសុខ ជាអ្នកមានខ្លួនប្រសើរ បុគ្គលនេះ ទើបធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យជ្រះថ្លា ឲ្យត្រេកអរបាន ដោយហេតុនេះឯង បពិត្រព្រះអង្គដ៏ចំរើន ក៏ឥឡូវនេះ ខ្ញុំព្រះអង្គនឹងលាទៅ ព្រោះខ្ញុំព្រះអង្គ មានកិច្ចច្រើន មានអំពើដែលត្រូវធ្វើច្រើន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលបេស្សៈ អ្នកចូរដឹងកាលនៃដំណើរទៅរបស់អ្នក ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ បេស្សហត្ថារោហបុត្រ ត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ ក្រោកចាកអាសនៈ រួចថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយក៏ដើរចេញទៅ។
ID: 636826011272475406
ទៅកាន់ទំព័រ៖