ព្រះត្រៃបិដក ភាគ ២៣
ហើយយកសំពត់បង់ក ជូតសំអាតអាសនៈដ៏ខ្ពង់ខ្ពស់ប្រសើរ ឧត្តម ថ្លៃថ្លា ហើយគ្រាហ៍ឡើងទៅអង្គុយ តែពេលនេះ ឧបាលិគហបតីនោះ ត្រឡប់ទៅជាឡើងអង្គុយលើអាសនៈដ៏ខ្ពង់ខ្ពស់ ប្រសើរ ឧត្តម ថ្លៃថ្លាខ្លួនឯងវិញ ហើយក៏និយាយនឹងនិគន្ថនាដបុត្តថា នែគហបតីដ៏ចំរើន អាសនៈមានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ កាលបើឧបាលិគហបតី និយាយយ៉ាងនេះហើយ និគន្ថនាដបុត្ត ក៏និយាយនឹងឧបាលិគហបតី ដូច្នេះវិញថា ម្នាលគហបតី អ្នកឆ្កួតទេឬ ម្នាលគហបតី អ្នកឯងលីលាទេឬ អ្នកនិយាយថា បពិត្រលោកដ៏ចំរើន ខ្ញុំនឹងទៅលើកវាទៈ របស់ព្រះសមណគោតម លុះទៅហើយ ម្តេចឡើយ ក៏ត្រឡប់ជាពាក់ឃ្នាប គឺវាទៈដ៏ធំលើក្បាលមកវិញ ម្នាលគហបតី ដូចជាបុរសនាំអណ្ឌៈដើរទៅ ក៏ត្រឡប់នាំយកអណ្ឌៈ ដែលគេកាត់ចេញ ដើរមកវិញ ម្នាលគហបតី ពុំនោះសោត ដូចជាបុរសនាំយកភ្នែកជាល្អដើរទៅ ត្រឡប់នាំយកភ្នែកដែលគេឆ្កៀលចេញ ដើរមកវិញ ម្នាលគហបតី អ្នកក៏យ៉ាងហ្នឹងដែរ និយាយថា បពិត្រលោកដ៏ចំរើន ខ្ញុំនឹងទៅលើកវាទៈ របស់ព្រះសមណគោតម
ID: 636826422937221283
ទៅកាន់ទំព័រ៖