ព្រះត្រៃបិដក ភាគ ២៣
កាលដែលផស្សៈទាំងឡាយ មិនមានព្យាបាទពាល់ត្រូវហើយ រមែងទទួលនូវវេទនា ដែលមិនប្រកបដោយព្យាបាទ មានតែសេចក្តីសុខមួយយ៉ាង ដូចទេវតាទាំងឡាយ នៅក្នុងឋានឈ្មោះសុភកិណ្ហៈ ម្នាលបុណ្ណៈ កំណើតនៃសត្វរមែងកើតអំពីភូតកម្ម ដូច្នេះឯង បុគ្គលធ្វើកម្មណា តែងទៅកើតដោយអំណាចកម្មនោះ ផស្សៈទាំងឡាយ តែងពាល់ត្រូវបុគ្គល ដែលកើតឡើងហើយនោះ ម្នាលបុណ្ណៈ យ៉ាងនេះឯង បានជាតថាគតពោលថា សត្វទាំងឡាយ មានកម្មជាមត៌ក ម្នាលបុណ្ណៈ នេះហៅថាកម្មស មានវិបាកស។ ម្នាលបុណ្ណៈ កម្មខ្មៅ និងកម្មស មានវិបាកខ្មៅ និងស តើដូចម្តេច ម្នាលបុណ្ណៈ បុគ្គលពួកមួយ ក្នុងលោកនេះ តាក់តែងនូវកាយសង្ខារ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះ តាក់តែងនូវវចីសង្ខារ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះ តាក់តែងនូវមនោសង្ខារ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះ បុគ្គលនោះ លុះបានតាក់តែងនូវកាយសង្ខារ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះ បានតាក់តែងនូវវចីសង្ខារ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះ បានតាក់តែងនូវមនោសង្ខារ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះហើយ តែងទៅកើតក្នុងលោក ដែលប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះ
ID: 636826508101052376
ទៅកាន់ទំព័រ៖