ព្រះត្រៃបិដក ភាគ ២៣
ម្នាលរាជកុមារ វាចាណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត មិនពោលវាចានោះឡើយ ទ្រង់គប្បីពោលនឹងព្រះសមណគោតម យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ ហេតុអ្វី បានជាព្រះអង្គ ទ្រង់ព្យាករទេវទត្តថា ទេវទត្តកើតក្នុងអបាយ ទេវទត្ត កើតក្នុងនរក ទេវទត្ត ឋិតនៅអស់១កប្ប ទេវទត្ត ទុកជាពាន់នៃព្រះពុទ្ធទាំងឡាយ ក៏ជួយកែមិនបាន ដូច្នេះ ទេវទត្ត ខឹងអាក់អន់ចិត្ត ចំពោះព្រះអង្គ ដោយវាចានោះឯង ម្នាលរាជកុមារ កាលបើអ្នកសួរបញ្ហា ប្រកបដោយទីបំផុតទាំងពីរខាងនេះហើយ ព្រះសមណគោតម ក៏មិនអាចលេបចូល មិនអាចខ្ជាក់ចេញបានឡើយ ដូចក្រចាប់ ដែលស្លាក់នៅក្នុងបំពង់កនៃបុរស បុរសនោះ មិនអាចលេបចូល មិនអាចខ្ជាក់ចេញបាន យ៉ាងណា ម្នាលរាជកុមារ កាលបើទ្រង់សួរបញ្ហា ប្រកបដោយទីបំផុតទាំងពីរខាងនេះហើយ ព្រះសមណគោតម មិនអាចលេបចូល មិនអាចខ្ជាក់ចេញបាន យ៉ាងនោះឯង។
ID: 636826511229211296
ទៅកាន់ទំព័រ៖