ព្រះត្រៃបិដក ភាគ ២៣
[៩៤] សម័យនោះឯង មានកូនខ្ចី មិនទាន់ចេះក្រឡាប់ អង្គុយលើភ្លៅអភយរាជកុមារ។ លំដាប់នោះ ព្រះមានព្រះភាគ មានព្រះតម្រាស់នឹងអភយរាជកុមារថា ម្នាលរាជកុមារ ទ្រង់សំគាល់កូនខ្ចីនោះដូចម្តេច បើកូនខ្ចីនេះ បៀមកំណាត់ឈើក្តី អំបែងក្តី លេបចូលទៅក្នុងមាត់ ព្រោះសេចក្តីធ្វេសប្រហែសរបស់ទ្រង់ ឬព្រោះសេចក្តីធ្វេសប្រហែសរបស់មេនំ តើទ្រង់ត្រូវធ្វើក្មេងនោះដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ត្រូវតែលូកទាញចេញ បពិត្រព្រះអង្គដ៏ចំរើន បើខ្ញុំព្រះអង្គ មិនអាចលូកទាញចេញ ដោយប្រយោគជាដម្បូងបានទេ ខ្ញុំព្រះអង្គ នឹងចាប់សង្កត់ក្បាល ដោយដៃខាងឆ្វេង ខ្វេរម្រាមដៃស្តាំលូកខ្វេះទាញវត្ថុនោះចេញមក ដោយទាំងឈាមផង ការខ្វេះទាញចេញវត្ថុនោះ ព្រោះហេតុដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ខ្ញុំព្រះអង្គ មានសេចក្តីអាណិតកុមារ។ ម្នាលរាជកុមារ យ៉ាងហ្នឹងឯង តថាគត ដឹងនូវវាចាណា ដែលមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ វាចានោះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃផង តថាគត ក៏មិនពោលវាចានោះ តថាគត ដឹងនូវវាចាណា ពិត ទៀង តែមិនប្រកបដោយប្រយោជន៍ វាចានោះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជន
ID: 636826511471195137
ទៅកាន់ទំព័រ៖