ព្រះត្រៃបិដក ភាគ ២៣
[១១១] ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលធ្វើបាប ឬប្រើអ្នកដទៃឲ្យធ្វើ កាត់អវយវៈគេ ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃឲ្យបៀតបៀន ធ្វើគេឲ្យសោកសៅ ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យសោកសៅ ធ្វើគេឲ្យលំបាក ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យលំបាក ធ្វើគេឲ្យញាប់ញ័រ ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យញាប់ញ័រ សំឡាប់សត្វ ឬប្រើអ្នកដទៃឲ្យសំឡាប់ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ឬប្រើឲ្យគេកាន់យក កាត់ទី តផ្ទះ ឬប្រើអ្នកដទៃឲ្យកាត់ ប្លន់ពួកអ្នកស្រុក ឬប្រើអ្នកដទៃឲ្យប្លន់ ប្លន់យកទ្រព្យតែផ្ទះមួយ ឬប្រើអ្នកដទៃឲ្យប្លន់ ឈរចាំដណ្តើមទ្រព្យគេក្បែរផ្លូវ ឬប្រើអ្នកដទៃឲ្យឈរចាំដណ្តើម លួចប្រពន្ធបុគ្គលដទៃ ឬប្រើអ្នកដទៃឲ្យលួច ពោលពាក្យកុហក ឬប្រើអ្នកដទៃឲ្យពោលពាក្យកុហក បុគ្គលអ្នកធ្វើនោះ ឈ្មោះថាមិនធ្វើបាប ទុកជាបុគ្គលណា ធ្វើសត្វទាំងឡាយ លើផែនដីនេះ ដោយគ្រឿងចក្រ មានខ្នងកង់ដ៏មុត ដូចជាកាំបិតកោរ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ បាបមានអំពើនោះជាហេតុ តែងមិនមាន បាបមិនមកឲ្យផលឡើយ ទុកជាបុគ្គលឆ្លងទៅ កាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសំលាប់សត្វ ឬប្រើអ្នកដទៃឲ្យសំលាប់
ID: 636826598032376153
ទៅកាន់ទំព័រ៖