ព្រះត្រៃបិដក ភាគ ២៣
មួយទៀត បុគ្គលណា ពោលនូវអំពើ ដែលមានមែនពិតថា អំពើមិនមានវិញ បុគ្គលនេះ ឈ្មោះថា ធ្វើសឹកសត្រូវ ចំពោះព្រះអរហន្ត ដែលជាកិរិយវាទ។ មួយវិញទៀត បុគ្គលពន្យល់អ្នកដទៃឲ្យយល់ នូវអំពើដែលមានពិតថា អំពើមិនមានវិញ សេចក្តីពន្យល់របស់បុគ្គលនោះ ឈ្មោះថា អសទ្ធម្មសញ្ញត្តិ ឯបុគ្គលនោះ ឈ្មោះថា លើកតំកើងខ្លួនឯង បង្អាប់បុគ្គលដទៃ ដោយសារ អសទ្ធម្មសញ្ញត្តិនោះ។ ព្រោះហេតុនោះ បុគ្គលនោះលះបង់នូវភាវៈ នៃសីលល្អ ក្នុងកាលមុនចោល ហើយតាំងទុកនូវភាវៈ ជាអ្នកទ្រុស្តសីលវិញ នេះឈ្មោះថា មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា ជាសឹកសត្រូវ នឹងព្រះអរិយៈទាំងឡាយ ជាអសទ្ធម្មសញ្ញត្តិ ឈ្មោះថា លើកតំកើងខ្លួនឯង បន្តុះបង្អាប់បុគ្គលដទៃ។ អកុសលធម៌ទាំងឡាយ ដ៏លាមក ច្រើនប្រការទាំងនេះ តែងកើតឡើងព្រម ព្រោះមិច្ឆាទិដ្ឋិ ជាបច្ច័យ យ៉ាងនេះឯង។
[១១២] ម្នាលគហបតីទាំងឡាយ វិញ្ញូបុរសតែងពិចារណាឃើញក្នុងលទ្ធិ របស់ពួកសមណព្រាហ្មណ៍ទាំងនោះ ដូច្នេះថា បើអំពើមិនមានទេ កាលបើយ៉ាងនេះ បុរសបុគ្គលដ៏ចំរើននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងធ្វើខ្លួនឲ្យសួស្តីបាន។ តែបើអំពើមានពិតមែន បុរសបុគ្គលដ៏ចំរើននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅហើយ នឹងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក មិនលែងឡើយ។
ID: 636826598646271266
ទៅកាន់ទំព័រ៖