ព្រះត្រៃបិដក ភាគ ២៣
ហេតុនោះមានប្រាកដ ដល់សមណព្រាហ្មណ៍ទាំងនោះ គឺ (សមណព្រាហ្មណ៍ទាំងនោះ) លះបង់នូវអកុសលធម៌ ទាំង៣នេះ គឺ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ហើយសមាទាន ប្រព្រឹត្តនូវកុសលធម៌ ទាំង៣នេះ គឺកាយសុចរិត វចីសុចរិត មនោសុចរិតវិញ ដំណើរនោះ ព្រោះហេតុដូចម្តេច ព្រោះថា សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ឃើញទោស របស់អកុសលធម៌ទាំងឡាយ ដ៏លាមក សៅហ្មង ឃើញអានិសង្ស នៃកុសលធម៌ទាំងឡាយ ជាចំណែក នៃសេចក្តីផូរផង់ ក្នុងកិរិយាចេញចាកកាម។ មួយទៀត បុគ្គលមានសេចក្តីយល់ឃើញ នូវអំពើ ដែលមានពិតមែនថា អំពើ មានពិតមែន សេចក្តីយល់ឃើញ របស់បុគ្គលនោះ ឈ្មោះថា សម្មាទិដ្ឋិ។ មួយទៀត បុគ្គលណាត្រិះរិះ នូវអំពើ ដែលមានពិតមែនថា អំពើមានពិតមែន សេចក្តីត្រិះរិះ របស់បុគ្គលនោះ ឈ្មោះថា សម្មាសង្កប្បៈ។ មួយទៀត បុគ្គលណា ពោលវាចា ចំពោះអំពើ ដែលមានពិតមែនថា អំពើមានពិតមែន វាចារបស់បុគ្គលនោះ ឈ្មោះថា សម្មាវាចា។
ID: 636826600653746087
ទៅកាន់ទំព័រ៖