ព្រះត្រៃបិដក ភាគ ២៣
ធ្វើការដោយភ្លុកខ្លះ ធ្វើការដោយកន្ទុយខ្លះ ធ្វើការដោយប្រមោយខ្លះ ដំរីរបស់ស្តេចនេះ ទើបឈ្មោះថា ប្រថុយលះបង់ជីវិតហើយ ឥឡូវនេះ អំពើណាមួយ ដែលដំរីរបស់ស្តេច ឈ្មោះថាមិនទាន់ធ្វើ មិនមានឡើយ សេចក្តីនេះ មានឧបមាយ៉ាងណា។ ម្នាលរាហុល មានឧបមេយ្យដូចភិក្ខុណាមួយ ដែលមិនមានសេចក្តីអៀនខ្មាស ក្នុងសម្បជានមុសាវាទ តថាគត មិនពោលថា ភិក្ខុនោះ មិនធ្វើបាបកម្មតិចតួច ដូច្នេះទេ។ ម្នាលរាហុល ព្រោះហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគួរសិក្សាថា អាត្មាអញ នឹងមិនពោលពាក្យកុហក សូម្បីដើម្បីសើចលេង ម្នាលរាហុល អ្នកត្រូវសិក្សា យ៉ាងនេះចុះ។
[១២៨] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះថាដូចម្តេច កញ្ចក់ មានប្រយោជន៍ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កញ្ចក់មានប្រយោជន៍ ខាងការឆ្លុះមើលមុខ។ ម្នាលរាហុល យ៉ាងនោះមែនហើយ អ្នកគប្បីពិចារណា ត្រិះរិះមើលរួចហើយ សឹមធ្វើកម្មដោយកាយ ពិចារណា ត្រិះរិះមើលរួចហើយ សឹមធ្វើកម្មដោយវាចា ពិចារណា ត្រិះរិះមើលរួចហើយ សឹមធ្វើកម្មដោយចិត្ត។
ID: 636826608785491196
ទៅកាន់ទំព័រ៖