ព្រះត្រៃបិដក ភាគ ២៣
[១៤២] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាភ្លើង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ភ្លើងឆេះវត្ថុស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះគូថក្តី ឆេះទឹកមូត្រក្តី ឆេះទឹកមាត់ក្តី ឆេះខ្ទុះក្តី ឆេះឈាមក្តី ភ្លើងក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាភ្លើង យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤៣] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាខ្យល់ ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។
ID: 636826615023557993
ទៅកាន់ទំព័រ៖