ព្រះត្រៃបិដក ភាគ ២៣
សិក្សាថា អាត្មាអញ នឹងតំកល់ចិត្តឲ្យស្មើ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យផុតស្រឡះ (ចាកនីវរណៈជាដើម) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យផុតស្រឡះ (ចាកនីវរណធម៌ជាដើម) ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យប្រាសចាកតម្រេក គឺវិបស្សនា និងមគ្គ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យប្រាសចាកតម្រេក ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា នូវសេចក្តីរលត់ (នៃកងទុក្ខ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា នូវសេចក្តីរលត់ (នៃកងទុក្ខ) ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយដកដង្ហើមចូល។ ម្នាលរាហុល អានាបានស្សតិ ដែលបុគ្គលបានចំរើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយយ៉ាងនេះឯង
ID: 636826616537434582
ទៅកាន់ទំព័រ៖