ព្រះត្រៃបិដក ភាគ ២៣
[១៥៧] ម្នាលអានន្ទ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥បាន។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានឧបធិវិវេក ព្រោះលះបង់ នូវពួកអកុសលធម៌ ព្រោះរម្ងាប់ នូវការប្រព្រឹត្តអាក្រក់ ដោយកាយ ដោយសព្វអន្លើ ហើយស្ងប់ស្ងាត់ ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ បានចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ សុខ ដែលកើតអំពីវិវេក ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ភិក្ខុរមែងពិចារណា ឃើញច្បាស់នូវពួកធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងខណៈដែលចូលសមាបត្តិនោះ ថាជារបស់មិនទៀង ជាទុក្ខ ជារោគ ជាបូស ជាព្រួញ ជាសេចក្តីមិនសប្បាយ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សាបសូន្យ ជារបស់មិនស្តាប់បង្គាប់ចិត្ត។ ភិក្ខុនោះ រមែងដោះចិត្ត ចាកធម៌ទាំងនោះ លុះភិក្ខុនោះបានដោះចិត្ត ចាកធម៌ទាំងនោះហើយ ក៏បង្អោនចិត្តទៅ ក្នុងអមតធាតុថា ការរម្ងាប់នូវសង្ខារទាំងពួង ការលះបង់នូវឧបក្កិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្តីនឿយណាយ សេចក្តីរលត់តណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននោះ ជាសេចក្តីល្អិត ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរ។
ID: 636826624469368263
ទៅកាន់ទំព័រ៖