ព្រះត្រៃបិដក ភាគ ២៣
ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមានព្រះត្រៃលក្ខណ៍ជាអារម្មណ៍នោះហើយ រមែងដល់នូវការអស់ទៅនៃអាសវៈទាំងឡាយ បើមិនបានដល់នូវការអស់ទៅនៃអាសវៈទេ ក៏គង់បានទៅកើតជាឱបបាតិកៈកំណើត ព្រោះសេចក្តីត្រេកអរចំពោះសមថធម៌ និងវិបស្សនាធម៌នោះ ព្រោះសេចក្តីរីករាយ ចំពោះធម៌នោះ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈ៥ហើយ នឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលអានន្ទ មគ្គនេះឯង បដិបទានេះឯង ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥។ ម្នាលអានន្ទ មួយទៀត ភិក្ខុព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។បេ។ ចូលកាន់តតិយជ្ឈាន។បេ។ ចូលកាន់ចតុត្ថជ្ឈាន ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់ នូវពួកធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងខណៈដែលចូលសមាបត្តិ។បេ។ ដើម្បីលះបង់នូវសំយោជនៈទាំងឡាយ។
ID: 636826624714662293
ទៅកាន់ទំព័រ៖