ព្រះត្រៃបិដក ភាគ ២៣
ជាសេចក្តីមិនសប្បាយ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សាបសូន្យ ជារបស់មិនស្តាប់បង្គាប់ចិត្ត។ ភិក្ខុនោះ រមែងដោះចិត្ត ចាកធម៌ទាំងនោះបាន លុះភិក្ខុនោះ បានដោះចិត្ត ចាកធម៌ទាំងនោះហើយ រមែងបង្អោនចិត្តទៅ ក្នុងអមតធាតុថា ការរម្ងាប់បង់នូវសង្ខារទាំងពួង ការលះបង់ នូវឧបក្កិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្តីនឿយណាយ សេចក្តីរលត់តណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជារបស់ល្អិត ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរល្អ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមានព្រះត្រៃលក្ខណ៍ ជាអារម្មណ៍ រមែងដល់នូវការអស់ទៅ នៃអាសវៈទាំងឡាយ បើបែរជាមិនបានដល់នូវការអស់ទៅនៃអាសវៈទាំងនោះទេ ក៏គង់បានទៅកើតជា ឱបបាតិកៈកំណើត ព្រោះសេចក្តីត្រេកអរក្នុងធម៌នោះ ព្រោះសេចក្តីរីករាយ ក្នុងធម៌នោះ ព្រោះការអស់ទៅ នៃឱរម្ភាគិយសំយោជនៈ៥ហើយ នឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលអានន្ទ មគ្គនេះឯង បដិបទានេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱរម្ភាគិយសំយោជនៈ៥។
ID: 636826625535399236
ទៅកាន់ទំព័រ៖