ព្រះត្រៃបិដក ភាគ ២៣
[១៦២] សម័យនោះឯង ភិក្ខុទាំងឡាយមានប្រមាណច្រើនរូប នាំគ្នាធ្វើចីវរកម្ម ថ្វាយព្រះមានព្រះភាគ លុះព្រះមានព្រះភាគ មានចីវរសម្រេចហើយ កន្លង៣ខែទៅ ព្រះអង្គ បម្រុងនឹងស្តេចចេញ ទៅកាន់ចារិក។ គ្រានោះឯង ព្រះភទ្ទាលិមានអាយុ បានចូលទៅរកពួកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល មួយអន្លើ ដោយពួកភិក្ខុទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ នឹងពាក្យដែលគួររលឹកហើយ ទើបអង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទាលិមានអាយុ អង្គុយក្នុងទីសមគួរហើយ ភិក្ខុទាំងឡាយនោះ ក៏នាំគ្នានិយាយ យ៉ាងនេះថា ម្នាលអាវុសោ ភទ្ទាលិ ចីវរកម្មនេះឯង ដែលយើងទាំងឡាយ ធ្វើថ្វាយព្រះមានព្រះភាគ លុះព្រះមានព្រះភាគ មានចីវរកម្មសម្រេចហើយ កន្លង៣ខែទៅ ទ្រង់នឹងស្តេចចេញទៅកាន់ចារិក។ ម្នាលភទ្ទាលិមានអាយុ យើងសូមដាស់តឿន ចូរលោក យកចិត្តទុកដាក់នឹងកំហុស (ចំពោះសិក្ខាបទ ដែលព្រះសាស្តា ទ្រង់បញ្ញត្ត) នុ៎ះ ឲ្យប្រពៃចុះ អ្នកកុំធ្វើឲ្យលំបាក ក្នុងកាលជាខាងក្រោយឡើយ។ ព្រះភទ្ទាលិមានអាយុ ក៏ទទួលពាក្យពួកភិក្ខុទាំងនោះថា ករុណា អាវុសោ ដូច្នេះហើយ
ID: 636826626794081228
ទៅកាន់ទំព័រ៖