ព្រះត្រៃបិដក ភាគ ២៣
ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចទើបអង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទាលិមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសគ្របសង្កត់ខ្ញុំព្រះអង្គ ដែលជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ព្រោះកាលព្រះមានព្រះភាគ កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃ សមាទានសិក្ខា ខ្ញុំព្រះអង្គ ក៏បានក្រាបទូល នូវសេចក្តីមិនអាចធ្វើតាមបាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់ទោសចំពោះកំហុស តាមទោសរបស់ខ្ញុំព្រះអង្គនោះ ដើម្បីនឹងសង្រួមតទៅទៀត។
[១៦៣] ព្រះអង្គ ទ្រង់ត្រាស់ថា អើភទ្ទាលិ ទោសគ្របសង្កត់អ្នក ដែលជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ពិតមែនហើយ ព្រោះកាលដែលតថាគត កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃ សមាទានសិក្ខា អ្នកបានប្រាប់ នូវសេចក្តីមិនអាចធ្វើតាមបាន។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ព្រះមានព្រះភាគ គង់នៅក្នុងក្រុងសាវត្ថី តែព្រះមានព្រះភាគ គង់ដឹងអាត្មាអញថា ភិក្ខុឈ្មោះភទ្ទាលិ មិនបានបំពេញសិក្ខាក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ ម្នាលភទ្ទាលិ នេះឯង
ID: 636826627072787170
ទៅកាន់ទំព័រ៖