ព្រះត្រៃបិដក ភាគ ២៣
[១៦៤] ព្រះអង្គ ទ្រង់ត្រាស់ថា អើភទ្ទាលិ ទោសគ្របសង្កត់អ្នក ដែលជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ពិតមែនហើយ ព្រោះកាលដែលតថាគត កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃសមាទានសិក្ខា អ្នកក៏បានប្រាប់ នូវសេចក្តីមិនអាចនឹងធ្វើតាមបាន។ ម្នាលភទ្ទាលិ អ្នកសំគាល់ហេតុនោះថា ដូចម្តេច ភិក្ខុក្នុងសាសនានេះ ជាឧភតោភាគវិមុត្ត តថាគតនិយាយ នឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលភិក្ខុ អ្នកចូរមកចុះ ស្ពានរបស់តថាគត មានក្នុងភក់ដូច្នេះ តើភិក្ខុនោះ គប្បីទៅខ្លួនឯង ឬប្រើអ្នកដទៃ ឲ្យច្រានកាយរបស់ខ្លួន ឬគប្បីពោលប្រកែកថាទេ។ ព្រះភទ្ទាលិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនគួរទេ។ ព្រះអង្គ ត្រាស់សួរថា ម្នាលភទ្ទាលិ អ្នកសំគាល់ហេតុនោះថាដូចម្តេច ភិក្ខុក្នុងសាសនានេះ ជាបញ្ញាវិមុត្តបុគ្គល ជាកាយសក្ខីបុគ្គល ជាទិដ្ឋិប្បត្តបុគ្គល ជាសទ្ធាវិមុត្តបុគ្គល ជាធម្មានុសារីបុគ្គល ជាសទ្ធានុសារីបុគ្គល
(១) តថាគត និយាយនឹងបុគ្គលនោះយ៉ាងនេះថា ម្នាលភិក្ខុ អ្នកចូរមកចុះ ស្ពានរបស់តថាគត មានក្នុងភក់ដូច្នេះ តើភិក្ខុនោះគប្បីដើរទៅខ្លួនឯង ឬប្រើអ្នកដទៃ ឲ្យច្រានកាយរបស់ខ្លួន ឬគប្បីពោលប្រកែកថាទេ។
(១) សេចក្តីអធិប្បាយអំពីបុគ្គលទាំងនេះ ចូរមើលនយលក្ខណៈ ក្នុងសម្បសាទនីយសូត្រ ទីឃនិកាយ បាដិកវគ្គ ផងចុះ។
ID: 636826627941416852
ទៅកាន់ទំព័រ៖