ព្រះត្រៃបិដក ភាគ ២៣
លោកមានអាយុទាំងឡាយ សូមលោកទាំងឡាយ ពិចារណាមើលអធិករណ៍ របស់ភិក្ខុនេះ ដោយឆាប់រហ័ស តាមទំនងដែលមិនបានរម្ងាប់ដោយឆាប់រហ័សនេះចុះ។ ម្នាលភទ្ទាលិ ពួកភិក្ខុ ក៏ពិចារណាអធិករណ៍ របស់ភិក្ខុនោះតាមទំនង ដែលមិនរម្ងាប់ដោយឆាប់រហ័សយ៉ាងនេះឯង។ ម្នាលភទ្ទាលិ ចំណែកភិក្ខុពួកខ្លះក្នុងសាសនានេះ ជាអ្នកត្រូវអាបត្តិរឿយៗ ជាអ្នកច្រើនដោយអាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុនោះ ក៏មិនពោលបន្លែបន្លប់ពាក្យដទៃដោយពាក្យដទៃ មិនបោះពាក្យទៅខាងក្រៅ មិនបានធ្វើនូវសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើយ រមែងប្រព្រឹត្តវត្តដោយប្រពៃ សម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃគាប់ចិត្ត ដោយហេតុណា ក៏ប្រាប់ហេតុនោះថា ខ្ញុំធ្វើ។ ម្នាលភទ្ទាលិ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះ ក្នុងហេតុដែលប្រដៅងាយនោះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ជាអ្នកត្រូវអាបត្តិរឿយៗ ជាអ្នកច្រើនទៅដោយអាបត្តិ កាលភិក្ខុទាំងឡាយ ស្តីប្រដៅ ភិក្ខុនោះ ក៏មិនបានពោលបន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ មិនបានបោះពាក្យទៅខាងក្រៅ ទាំងមិនធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើយ តែងប្រព្រឹត្តវត្ត ដោយប្រពៃ សម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិ
ID: 636826630815711253
ទៅកាន់ទំព័រ៖