ព្រះត្រៃបិដក ភាគ ២៣
មិនប្រព្រឹត្តវត្ត ដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា មិនបានប្រាប់ហេតុនោះថា ខ្ញុំធ្វើ ដូច្នេះឡើយ បពិត្រលោកទាំងឡាយមានអាយុ សូមលោកទាំងឡាយ ពិចារណាមើលអធិករណ៍ របស់ភិក្ខុនេះ តាមទំនងដែលមិនរម្ងាប់ ដោយឆាប់រហ័សនេះចុះ។ ម្នាលភទ្ទាលិ ពួកភិក្ខុពិចារណាអធិករណ៍របស់ភិក្ខុនោះ តាមទំនងដែលមិនរម្ងាប់ដោយឆាប់រហ័ស យ៉ាងនេះឯង។ ម្នាលភទ្ទាលិ ចំណែកខាងភិក្ខុពួកមួយ ក្នុងសាសនានេះ ជាអ្នកត្រូវអាបត្តិក្នុងកាលម្តងៗ មិនច្រើនដោយអាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុនោះ មិនបានពោលបន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ មិនបោះពាក្យទៅខាងក្រៅ មិនបានធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើយ ប្រព្រឹត្តវត្ត ដោយប្រពៃ សម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា បានប្រាប់ហេតុនោះថា ខ្ញុំធ្វើ។ ម្នាលភទ្ទាលិ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះ ក្នុងហេតុដែលប្រដៅងាយនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ជាអ្នកត្រូវអាបត្តិក្នុងកាលម្តងៗ មិនច្រើនដោយអាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុនោះ មិនបានពោលបន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ
ID: 636826631385303831
ទៅកាន់ទំព័រ៖