ព្រះត្រៃបិដក ភាគ ២៣
អដ្ឋកនាគរសូត្រ ទី២
[១៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះអានន្ទមានអាយុ គង់នៅក្នុងវេឡុវគ្រាម ជិតក្រុងវេសាលី។ សម័យនោះឯង ទសមគហបតី អ្នកក្រុងអដ្ឋកៈ បានទៅដល់ក្រុងបាតលិបុត្ត ដោយកិច្ចការនីមួយ។ គ្រានោះ ទសមគហបតី អ្នកក្រុងអដ្ឋកៈ ចូលទៅរកភិក្ខុ១រូប ដែលនៅក្នុងកុក្កដារាម លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំភិក្ខុនោះ ហើយអង្គុយក្នុងទីសមគួរ។ លុះទសមគហបតី អ្នកក្រុងអដ្ឋកៈ អង្គុយក្នុងទីសមគួរហើយ បានសួរភិក្ខុនោះ យ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ឥឡូវនេះ ព្រះអានន្ទមានអាយុ គង់នៅក្នុងទីណា ព្រោះយើងខ្ញុំចង់ឃើញព្រះអានន្ទនោះ។ ភិក្ខុនោះប្រាប់ថា ម្នាលគហបតី ព្រះអានន្ទមានអាយុនុ៎ះ លោកគង់នៅក្នុង វេឡុវគ្រាម ជិតក្រុងវេសាលី។
ID: 636826016707286260
ទៅកាន់ទំព័រ៖