ព្រះត្រៃបិដក ភាគ ២៣
លដុកិកោបមសូត្រ ទី៦
[១៧៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអាបណនិគម របស់ពួកជនអង្គុត្តរាបៈ ក្នុងដែនឈ្មោះអង្គុត្តរាបៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់អាបណនិគម ដើម្បីបិណ្ឌបាត។ លុះព្រះអង្គស្តេចទៅបិណ្ឌបាត ក្នុងអាបណនិគមហើយ ត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ក៏ស្តេចចូលទៅត្រង់ដងព្រៃមួយ លុះចូលសំដៅទៅរកដងព្រៃនោះហើយ ទើបគង់សំរាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយដើម។ ចំណែកខាងព្រះឧទាយីមានអាយុ ក៏ស្លៀកស្បង់ ប្រដាប់បាត្រចីវរ ចូលទៅកាន់អាបណនិគម ដើម្បីបិណ្ឌបាត ក្នុងវេលាព្រឹកព្រហាមដែរ។ លុះលោកទៅបិណ្ឌបាត ក្នុងអាបណនិគមហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលទៅរកដងព្រៃមួយ លុះចូលទៅសំដៅទៅកាន់ដងព្រៃនោះហើយ ទើបអង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយដើម។
ID: 636826634404186502
ទៅកាន់ទំព័រ៖