ព្រះត្រៃបិដក ភាគ ២៣
បែរជាបាននូវសេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីខ្មាសបាប និងសេចក្តីខ្លាចបាប ចំពោះព្រះមានព្រះភាគវិញ កាលបើយ៉ាងនេះ ទើបយើងខ្ញុំព្រះអង្គ លះបង់នូវការបរិភោគនូវភោជន ក្នុងវេលាយប់ ដែលជាវេលាវិកាលនុ៎ះចេញ។ បពិត្រព្រះអង្គដ៏ចំរើន រឿងធ្លាប់មានមកហើយ ពួកភិក្ខុត្រាច់ទៅបិណ្ឌបាត ក្នុងវេលារាត្រី ងងឹតសូន្យសុង ក៏ចូលទៅ ប្រទះនឹងអណ្តូងជ្រាំខ្លះ ធ្លាក់ទៅក្នុងទីទំនាបទឹកជ្រាំខ្លះ ឡើងទៅប្រទះគំនរបន្លាខ្លះ ដើរពានទៅលើមេគោកំពុងដេកលក់ខ្លះ ជួបប្រទះនឹងពួកមាណព គឺចោរ ដែលកំពុងធ្វើចោរកម្មខ្លះ មិនទាន់បានធ្វើចោរកម្មខ្លះ មាតុគ្រាមនិមន្តពួកភិក្ខុនោះ ដោយអសទ្ធម្មខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន រឿងធ្លាប់មានមកហើយ ខ្ញុំព្រះអង្គត្រាច់ទៅបិណ្ឌបាត ក្នុងវេលារាត្រី ងងឹតសូន្យសុង បពិត្រព្រះអង្គដ៏ចំរើន ស្រីម្នាក់កំពុងលាងភាជនៈ បានឃើញខ្ញុំព្រះអង្គ ក្នុងពេលមានផ្លេកបន្ទោរ លុះឃើញខ្ញុំព្រះអង្គហើយ ក៏ភិតភ័យ ស្រែកយ៉ាងខ្លាំងថា អញវិនាសហើយ យីអើ អ្នកនេះជាបីសាច (មកប្រុងស៊ី) អញទេដឹង។ បពិត្រព្រះអង្គដ៏ចំរើន កាលស្រីនោះ ស្រែកយ៉ាងនេះហើយ ខ្ញុំព្រះអង្គបាននិយាយពាក្យនេះ នឹងស្រីនោះថា ម្នាលប្អូនស្រី មិនមែនបិសាចទេ ភិក្ខុឈរបិណ្ឌបាតទេតើ។ ស្រីនោះឆ្លើយតបថា ឪពុករបស់ភិក្ខុស្លាប់ហើយ ម្តាយរបស់ភិក្ខុស្លាប់ហើយ
ID: 636826635447426172
ទៅកាន់ទំព័រ៖