ព្រះត្រៃបិដក ភាគ ២៣

ជា​អ្នកមាន​សេចក្តី​ខ្វល់ខ្វាយ​ ​ជា​អ្នក​សម្លបរោម​ ​ចិញ្ចឹមជីវិត​ ​ដោយ​ចតុប្បច្ច័យ​ ​ដែល​អ្នកដទៃ​ឲ្យ​ ​មានចិត្ត​ប្រព្រឹត្ត​ដូចជា​សត្វ​ម្រឹគ​(​១​)​ ​ម្នាល​ឧទា​យី​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​មាន​ចំណង​មិន​មាន​កំឡាំង​ ​មាន​ចំណង​ខ្សោយ​ ​មាន​ចំណង​ផុយ​ ​មាន​ចំណង​ឥត​ខ្លឹម​។​ ​ម្នាល​ឧទា​យី​ ​ដូច​ដំរី​របស់​ព្រះរាជា​ ​ដែល​មាន​ភ្លុក​ ​ង​ ​ទន្ទាំ​ ​មាន​រូប​សមរម្យ​ ​គួរ​ជា​ព្រះ​ទីនាំង​ ​ជា​សត្វ​ធ្លាប់​ចុះ​សង្គ្រាម​ ​គេ​ចង​ដោយ​ចំណង​យ៉ាង​មាំ​ ​ក៏​ទំ​រោម​កាយ​បន្តិច​ ​ហើយ​កាត់​ទំ​លាយ​ ​នូវ​ចំណង​ទាំងនោះ​ ​រួច​ចៀសចេញ​ទៅ​ ​តាមប្រាថ្នា​ ​ម្នាល​ឧទា​យី​ ​បុគ្គល​ណា​ ​ពោល​យ៉ាងនេះ​ថា​ ​ដំរី​របស់​ព្រះរាជា​នោះ​ ​ជា​ដំរី​មាន​ភ្លុក​ ​ង​ទន្ទាំ​ ​មាន​រូប​សមរម្យ​ ​គួរ​ជា​ព្រះ​ទីនាំង​ ​ជា​សត្វ​ធ្លាប់​ចុះ​កាន់​សង្គ្រាម​ ​គេ​ចង​ដោយ​ចំណង​ព្រ័ត្រ​ ​ដ៏​មាំ​ណា​ ​ក៏​ទំ​រោម​កាយ​បន្តិច​ហើយ​ ​កាត់​ទំ​លាយ​ ​នូវ​ចំណង​ទាំងនោះ​ ​រួច​ចៀសចេញ​ទៅតាម​ប្រាថ្នា​ ​ដំរី​នោះ​ ​ឈ្មោះថា​ ​មាន​ចំណង​មាន​កំឡាំង​ ​មាន​ចំណង​មាំ​ ​មាន​ចំណង​ខ្ជាប់ខ្ជួន​ ​មាន​ចំណង​មិន​ផុយ​ ​ឬ​ទុកដូចជា​កំណាត់ឈើ​ធំ​ ​ម្នាល​ឧទា​យី​ ​បុគ្គល​ដែល​និយាយ​នោះ​ ​ឈ្មោះថា​ ​និយាយ​ត្រូវ​ ​ឬដូច​ម្តេច​។​
​(​១​)​ ​ម្រឹគ​ដែល​ត្រូវ​គេ​ពាធា​ហើយ​ ​មិន​មានបំណង​នឹង​មក​ឲ្យ​គេ​ព្យាបាល​វិញ​ ​តែង​ចូល​ទៅ​រក​ព្រៃ​រក្សា​របួស​ដោយខ្លួនឯង​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 636826639062592947
ទៅកាន់ទំព័រ៖