ព្រះត្រៃបិដក ភាគ ២៣
សូមទ្រង់ព្រះមេត្តាប្រោស និយាយនោះ មិនត្រូវទេ បពិត្រព្រះអង្គដ៏ចំរើន ដំរីរបស់ព្រះរាជានោះ មានភ្លុក ងទន្ទាំ មានរូបសមរម្យ គួរជាព្រះទីនាំង ជាសត្វធ្លាប់ចុះសង្គ្រាម ដែលគេចងដោយចំណងព្រ័ត្រដ៏មាំណា ក៏ទំរោមកាយបន្តិច ហើយកាត់ទំលាយ នូវចំណងទាំងនោះ រួចចៀសចេញ ទៅតាមប្រាថ្នា ព្រោះថា ដំរីនោះ មានចំណងមិនមានកំឡាំង។បេ។ មានចំណងឥតខ្លឹម។ ម្នាលឧទាយី យ៉ាងនោះឯងហើយ រឿងនេះ ដូចពួកកុលបុត្រខ្លះ ក្នុងសាសនានេះ កាលតថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់អំពើនេះចេញ ដូច្នេះ ពួកកុលបុត្រនោះ ពោលយ៉ាងនេះថា ព្រះមានព្រះភាគ ត្រាស់ឲ្យយើងទាំងឡាយ លះបង់អំពើណា ព្រះសុគត ត្រាស់ឲ្យយើងទាំងឡាយ លះចោលអំពើណា ថ្វីបើអំពើនេះ ជាហេតុរប៉ិចរប៉ីបន្តិចបន្តួច យើងទាំងឡាយ ត្រូវតែលះបង់ចោលចេញ ពួកកុលបុត្រនោះ ក៏លះបង់នូវអំពើនោះចេញបាន ទាំងមិនធ្វើឲ្យទាស់អធ្យាស្រ័យតថាគត មួយទៀត ពួកភិក្ខុណា ដែលជាសិក្ខាកាម ពួកភិក្ខុនោះ បានលះបង់ នូវអំពើនោះ ជាអ្នកខ្វល់ខ្វាយតិច សម្លបរោម ប្រព្រឹត្តចិញ្ចឹមជីវិត ដោយបច្ច័យ ដែលបុគ្គលដទៃឲ្យ មានចិត្តប្រព្រឹត្តដូចជាសត្វម្រឹគ ម្នាលឧទាយី អំពើរបស់កុលបុត្រនោះ ទុកដូចជាចំណងឥតកំឡាំង ចំណងផុយ ចំណងឥតខ្លឹម។
ID: 636826639377260945
ទៅកាន់ទំព័រ៖