ព្រះត្រៃបិដក ភាគ ២៣
ចាតុមសូត្រ ទី៧
[១៨៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអាមលកីវ័ន (ព្រៃកន្ទួតព្រៃ) ក្នុងស្រុកចាតុមា។ ក៏សម័យនោះ ពួកភិក្ខុប្រមាណ៥០០រូប មានព្រះសារីបុត្ត និងព្រះមោគ្គល្លាន ជាប្រធាន និមន្តទៅដល់ស្រុក ចាតុមា ដើម្បីគាល់ព្រះមានព្រះភាគ។ ក៏ឯពួកភិក្ខុអាគន្តុកៈអម្បាលនោះ ក៏និយាយរាក់ទាក់ មួយអន្លើដោយពួកនេវាសិកភិក្ខុ ប្រើគ្នានឹងគ្នា ឲ្យក្រាលសេនាសនៈ ឲ្យរៀបចំទុកដាក់បាត្រចីវរ មានសំឡេងគឹកកង សំឡេងអ៊ូអា។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុមកសួរថា ម្នាលអានន្ទ ចុះសំឡេងគឹកកងអ៊ូអាទាំងនុ៎ះ តើជាសំឡេងអ្វី ហាក់ដូចជាពួកព្រានសំណាញ់ ដណ្តើមចាប់ត្រី ដូច្នោះ។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុប្រមាណ ៥០០រូប មានព្រះសារីបុត្ត និងព្រះមោគ្គល្លានជាប្រធាននុ៎ះ មកដល់ស្រុកចាតុមា ដើម្បីគាល់ព្រះមានព្រះភាគ ពួកអាគន្តុកភិក្ខុអម្បាលនោះ ក៏និយាយរាក់ទាក់ មួយអន្លើ ដោយពួកនេវាសិកភិក្ខុ ប្រើគ្នានឹងគ្នា ឲ្យក្រាលអាសនៈ ឲ្យរៀបចំទុកដាក់បាត្រ និង
ID: 636826644447570950
ទៅកាន់ទំព័រ៖