ព្រះត្រៃបិដក ភាគ ២៣
ពួកភិក្ខុ ដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយមិនយូរប៉ុន្មាន ទើបតែនឹងមកកាន់ធម្មវិន័យនេះ កាលភិក្ខុទាំងនោះ មិនបានជួប នឹងព្រះមានព្រះភាគហើយ មុខជានឹងមានសេចក្តីរាយមាយ និងសេចក្តីប្រែប្រួលពុំខាន យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ដូចកូនគោតូច កាលមិនឃើញមេហើយ នឹងមានការស្គាំងស្គម ឬប្រែប្រួលពុំខាន យ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុ ដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយមិនយូរប៉ុន្មាន ទើបតែមកកាន់ធម្មវិន័យនេះ កាលបើភិក្ខុទាំងនោះ មិនបានជួប នឹងព្រះមានព្រះភាគហើយ មុខជានឹងមានសេចក្តីរាយមាយ និងសេចក្តីប្រែប្រួលពុំខាន យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រេកអរ (នឹងការចូលមក នៃភិក្ខុសង្ឃ) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុសង្ឃ (ថាចូរមកចុះ) បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃដែលព្រះមានព្រះភាគ ធ្លាប់អនុគ្រោះហើយ ក្នុងកាលមុន ដោយប្រការយ៉ាងណា ឥឡូវនេះ សូមព្រះមានព្រះភាគ ទ្រង់អនុគ្រោះភិក្ខុសង្ឃ ដោយប្រការយ៉ាងនោះទៀត។ សក្យៈទាំងឡាយ អ្នកស្រុកចាតុមា និងសហម្បតិព្រហ្ម អាចធ្វើព្រះមានព្រះភាគ ឲ្យត្រេកអរបាន ដោយពាក្យប្រៀបធៀប នឹងពូជផង ដោយពាក្យប្រៀបធៀប នឹងកូនគោតូចផង។
ID: 636826646280015760
ទៅកាន់ទំព័រ៖