ព្រះត្រៃបិដក ភាគ ២៣
ព្យាករក្នុងកំណើត របស់ពួកសាវ័ក ដែលធ្វើមរណកាលកន្លងទៅហើយថា សាវ័កឯណោះ កើតក្នុងទីឯណោះ សាវ័កឯណោះ កើតក្នុងទីឯណោះ ដើម្បីឲ្យជនស្ញប់ស្ញែងក៏ទេ ដើម្បីប្រលោមជនក៏ទេ ដើម្បីអានិសង្ស គឺលាភសក្ការៈ និងសេចក្តីសរសើរក៏ទេ (ឬ) គិតថា ឲ្យគេស្គាល់តថាគត ក៏ទេ។ ម្នាលពួកអនុរុទ្ធ កុលបុត្តទាំងឡាយ មានសទ្ធា មានសេចក្តីត្រេកអរខ្លាំង មានបាមោជ្ជៈក្លៀវក្លា លុះកុលបុត្តអម្បាលនោះ បានស្តាប់ព្យាករណ៍នោះហើយ តែងបង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ ម្នាលពួកអនុរុទ្ធ ការព្យាករណ៍នោះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ ដល់បុគ្គលទាំងឡាយនោះ អស់កាលជាយូរអង្វែង។
[១៩៩] ម្នាលពួកអនុរុទ្ធ ភិក្ខុក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុឈ្មោះនេះ មានមរណកាលធ្វើហើយ ភិក្ខុនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា បានឋិតនៅក្នុងអរហត្តផលដូច្នេះ ភិក្ខុនោះ យល់ឃើញលោកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា លោកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ លោកមានអាយុនោះ មានធម៌យ៉ាងនេះ ដូច្នេះខ្លះ លោកមានអាយុនោះ មានបញ្ញាយ៉ាងនេះ ដូច្នេះខ្លះ លោកមានអាយុនោះ មានវិហារធម៌យ៉ាងនេះ ដូច្នេះខ្លះ
ID: 636826652661920784
ទៅកាន់ទំព័រ៖