ព្រះត្រៃបិដក ភាគ ២៣
រមែងឮថា ភិក្ខុឈ្មោះនេះ មានមរណកាលធ្វើហើយ ភិក្ខុនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតទុក្ខបាន ព្រោះអស់ទៅនៃសំយោជនៈទាំង៣ មានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ដូច្នេះ ភិក្ខុនោះ យល់ឃើញលោកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា លោកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាងនេះ។បេ។ មានបញ្ញាយ៉ាងនេះ... មានវិហារធម៌យ៉ាងនេះ... លោកមានអាយុនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ភិក្ខុនោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់លោកនោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌ របស់ភិក្ខុ។ ម្នាលពួកអនុរុទ្ធ ភិក្ខុក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុឈ្មោះនេះ មានមរណកាលធ្វើហើយ ភិក្ខុនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈទាំង៣ ដូច្នេះ ភិក្ខុនោះ យល់ឃើញលោកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា លោកមានអាយុនោះ មានសីលយ៉ាងនេះ
ID: 636826653200791606
ទៅកាន់ទំព័រ៖