ព្រះត្រៃបិដក ភាគ ២៣
ម្នាលពួកអនុរុទ្ធ ឧបាសិកាក្នុងធម្មវិន័យនេះ រមែងឮថា ឧបាសិកាឈ្មោះនេះ មានមរណកាលធ្វើហើយ ឧបាសិកានោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតទុក្ខព្រោះអស់ទៅនៃសំយោជនៈ៣ មានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ដូច្នេះ ឧបាសិកានោះ យល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះឯង មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាងនេះ។បេ។ មានបញ្ញាយ៉ាងនេះ... មានវិហារធម៌យ៉ាងនេះ... នាងនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ឧបាសិកានោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ឧបាសិកានោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសិកា។ ម្នាលអនុរុទ្ធ ឧបាសិកាក្នុងធម្មវិន័យនេះ រមែងឮថា ឧបាសិកាឈ្មោះនេះ មានមរណកាលធ្វើហើយ ឧបាសិកានោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣ ដូច្នេះ
ID: 636826655321982931
ទៅកាន់ទំព័រ៖