ព្រះត្រៃបិដក ភាគ ២៣
ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ គួរតែឈ្លាស ក្នុងការអង្គុយ។
[២០៦] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ មិនគួរចូលទៅកាន់ស្រុក ឲ្យហួសវេលា មិនគួរត្រឡប់មកឲ្យទាល់ថ្ងៃ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ កាលទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ នឹងចូលទៅកាន់ស្រុក ឲ្យហួសវេលា ត្រឡប់មកទាល់ថ្ងៃហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ សមាទានអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃម្នាក់ឯង លោកមានអាយុនេះ ចូលទៅកាន់ទីស្រុក ឲ្យហួសវេលា ត្រឡប់មកវិញទាល់ថ្ងៃ លោកមានអាយុនេះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ មិនគួរចូលទៅកាន់ស្រុកឲ្យហួសវេលា មិនគួរត្រឡប់មកឲ្យទាល់ថ្ងៃឡើយ។
ID: 636826656907543620
ទៅកាន់ទំព័រ៖