ព្រះត្រៃបិដក ភាគ ២៣
ម្នាលគហបតិ មួយវិញទៀត ភិក្ខុកន្លងនូវវិញ្ញាណញ្ចាយតនសមាបត្តិ ដោយអាការសព្វគ្រប់ ហើយក៏ចូលអាកិញ្ចញ្ញាយតនសមាបត្តិ ដោយបរិកម្មថា របស់បន្តិចបន្តួចមិនមានដូច្នេះ ទើបភិក្ខុនោះ ពិចារណាដឹងច្បាស់ដូច្នេះថា អាកិញ្ចញ្ញាយតនសមាបត្តិនេះឯង អាត្មាអញ បានតាក់តែងហើយ បានបង្កើតហើយ ប៉ុន្តែធម្មជាតតិចតួចណា ដែលអាត្មាអញតាក់តែងហើយ បានបង្កើតហើយ ធម្មជាតនោះឯង ជារបស់មិនទៀង តែងរលត់ទៅវិញជាធម្មតា ភិក្ខុនោះ ក៏ឋិតនៅក្នុងធម៌នោះ ហើយក៏បានដល់នូវការអស់ទៅនៃអាសវៈ បើមិនបានដល់នូវការអស់ទៅនៃអាសវៈទេ ក៏គង់ទៅកើតជាឱបបាតិកៈ ព្រោះអស់ទៅនៃសំយោជនធម៌ទាំង៥ប្រការ ជាចំណែកខាងក្រោម ដោយសេចក្តីត្រេកអរ ក្នុងធម៌នោះ និងសេចក្តីរីករាយ ក្នុងធម៌នោះ ហើយបរិនិព្វាន ក្នុងជាន់សុទ្ធាវាសនោះ មានសភាពមិនត្រឡប់ ចាកព្រហ្មលោកនោះជាធម្មតា ម្នាលគហបតិ ភិក្ខុជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ចិត្តដែលមិនទាន់រួចស្រឡះ ក៏រួចស្រឡះបានផង
ID: 636826018522100061
ទៅកាន់ទំព័រ៖