ព្រះត្រៃបិដក ភាគ ២៣
កីដាគិរិសូត្រ ទី១០
[២២២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចទៅកាន់ចារិក ក្នុងកាសីជនបទ មួយអន្លើដោយភិក្ខុសង្ឃច្រើនរូប។ គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ ម្នាលភិក្ខុទាំងឡាយ កាលតថាគតបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ហើយ ក៏ដឹងច្បាស់នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរមក ចូរបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ចេញ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ហើយ គង់ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយពុំខាន។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[២២៣] គ្រានោះឯង ព្រះមានព្រះភាគ ស្តេចទៅកាន់ចារិក តាមលំដាប់ ក្នុងកាសីជនបទ បានស្តេចទៅដល់និគមឈ្មោះ កីដាគិរិ របស់កាសីជនបទ។ មានសេចក្តីដំណាលថា ព្រះមានព្រះភាគ ទ្រង់
ID: 636826661339297102
ទៅកាន់ទំព័រ៖