ព្រះត្រៃបិដក ភាគ ២៣
ទ្រង់សោយ វៀរចាកការសោយភោជន ក្នុងវេលាយប់ ទាំងភិក្ខុសង្ឃ ក៏បរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ដែរ ម្នាលអាវុសោទាំងឡាយ កាលពួកភិក្ខុបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ហើយ ក៏ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ ម្នាលលោកមានអាយុទាំងឡាយ លោកទាំងឡាយ ចូរមក ចូរបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ចេញ ម្នាលលោកមានអាយុទាំងឡាយ កាលបើលោកទាំងឡាយ បរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ហើយ គង់នឹងបានដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ បពិត្រព្រះអង្គដ៏ចំរើន កាលពួកខ្ញុំព្រះអង្គ ពោលយ៉ាងនេះហើយ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ ក៏ឆ្លើយតប មកនឹងពួកខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ ពួកយើងតែងបរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាល ពួកយើងនោះ កាលបរិភោគភោជន ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាលហើយ ក៏ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ
ID: 636826662234228289
ទៅកាន់ទំព័រ៖